ការចែកពូជស្រូវ ជាមួយឯកឧត្តមអភិបាលរងខេត្តពោធិសាត់ ក្រោមជំនួយគម្រោងសង្គ្រោះស្បៀងបន្ទាន់របស់គណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយជូនប្រជាកសិករ ចំនួន១៥៥៣គ្រួសារ

14-Nov-2018

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃពុធ ១៥ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨

១.ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការិយាល័យក្សេត្រសាស្រ្ត កសិកម្មស្រុកកណ្តៀង អភិបាលស្រុកកណ្តៀង មេឃុំស្រែស្តុក មេឃុំកញ្ជរ មេភូមិ បានចូលរួមចែកពូជស្រូវ ជាមួយឯកឧត្តមអភិបាលរងខេត្តពោធិសាត់ ក្រោមជំនួយគម្រោងសង្គ្រោះស្បៀងបន្ទាន់របស់គណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយជូនប្រជាកសិករ ចំនួន១៥៥៣គ្រួសារ មកពី ឃុំស្រែស្តុក និងឃុំកញ្ជ ស្រុកកណ្តៀងដែលជួបបញ្ហារាំងស្ងួតនិងទឹកជំនន់កន្លងមក ក្នុងនោះមានពូជស្រូវ IR 504 ចំនួន22800kg និងពូជស្រូវសែនក្រអូបចំនួន 54850 kg ព្រមទាំងចែកគ្រាប់ពូជដំណាំបន្លែ ក្នុងមួយគ្រួសារបានពីរកញ្ចប់(មួយកញ្ចប់មានគ្រាប់ត្រសក់និងសណ្តែកគួរ)។ ក្នុងនោះមន្ទីរកសិកម្ម បានពន្យល់ណែនាំបច្ចេកទេស ការប្រើប្រាស់គ្រាប់ពូជស្រូវ និងបន្លែផងដែរ ។

២.ក្រុមការងារគម្រោងផលិតពូជ RIAPIP នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានចុះធ្វើការបង្ហាញពីការកាត់ពូជលាយ ដំណាក់កាលចេញផ្កា នៅសហគមន៍ស្នាដៃកសិករ ភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរខេត្តពោធិ៍សាត់ ។កិច្ចបង្ហាញនេះក្រុមការងារបានបង្ហាញនៅខ្លឹមសារសំខាន់ពីដំណាក់កាលទាំង០៤នៃការកាត់ពូជលាយ និងចុះកាត់ផ្ទាល់ក្នុងស្រែសាលារៀនរបស់កសិករ ។