នេះជាខ្លឹមសារសង្ខេបរបស់ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសក្នុងឱកាសចូលរួមវេទិការវិស័យសាធារណៈនិងឯកជនថ្នាក់ជាតិកាលពីព្រឹកមិញ: ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនវេទិកាសន្ទនានេះថាភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនថ្នាក់ជាតិស្តីពី “ការអភិវឌ្ឍដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី” នាពេលនេះ ពិតជាបានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តក្នុងការបង្កើនផលិតភាព ពិពិធកម្ម កសិ-ពាណិជ្ជកម្ម និងធាតុចូលសម្រាប់ជាយុទ្ធសាស្រ្តអភិវឌ្ឍសាកវប្បកម្ម និងដំណាំស្វាយចន្ទីនាពេលអនាគត។ ជាមួយកម្មវិធីនយោបាយយ៉ាងត្រឹមត្រូវ និងតាមរយៈកម្មវិធីកែទម្រង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេវាសាធារណៈ និងថាមពល គឺជាបរិយាកាសដ៏អនុគ្រោះសម្រាប់ការវិនិយោគ និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត “ភាពជាដៃគូដ៏ឈ្លាសវៃ” រវាងរាជរដ្ឋាភិបាលនិងផ្នែកឯកជនទាំងនៅក្នុងការអភិវឌ្ឍន៍ទូទៅជារួម និងទាំងនៅក្នុងកិច្ចការកែលម្អបរិយាកាសសម្រាប់ការវិនិយោគ និងធុរកិច្ចនៅកម្ពុជា និយាយដោយឡែក។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម ដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មនៅមានកម្រិត ដូចជាផលិតភាព ការស្រាវជ្រាវពូជដំណាំ ការផ្តល់សេវាបច្ចេកទេស និងការអភិវឌ្ឍខែ្សចង្វាក់ផ្គត់ផ្គង់កសិផលមិនទាន់ឆ្លើយតបបានទៅនឹងតម្រូវទីផ្សារ។ ដោយឡែកការប្រើប្រាស់ដីកសិកម្មមិនទាន់អស់សក្តានុពល យន្តការនៃការផ្តល់ព័ត៌មានទីផ្សារកសិកម្មដោយផ្សារភ្ជាប់នឹងផែនការដាំដុះនិងប្រមូលផល ប្រព័ន្ធអនាម័យ និងភូតគាមអនាម័យនៅមិនទាន់មានភាពរឹងមាំ ការវិនិយោគលើការកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដល់ការផលិត ការកែច្នៃ និងទីផ្សារមានភាពខ្វះខាត។ ឈរលើមូលបញ្ហាខាងលើនេះ ក្រសួងបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងប្រទេសផ្ដល់ជំនួយដើម្បីជួយគាំទ្រទាំងថវិកា និងបច្ចេកទេសក្នុងការចូលរួមជំរុញលើកកម្ពស់បង្កើនផលិតភាពដំណាំសាកវប្បកម្ម និងដំណាំស្វាយចន្ទី ទាំងគុណភាព សុវត្ថិភាពឲ្យបានសមស្របតាមស្តង់ដារអន្តរជាតិ ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូលយកអស់ប្រាជ្ញាស្មារតីចំណេះដឹងនិងបទពិសោធន៍ល្អៗ ដើម្បីធ្វើការពិនិត្យឲ្យបានល្អិតល្អន់ និងស៊ីជម្រៅលើធាតុចូលសំខាន់ៗដែលបានលើកឡើងក្នុងវេទិកាសន្ទនាថ្ងៃនេះ និងជាពិសេសចំណុចសំខាន់ៗដែលត្រូវពិនិត្យពិចារណា និងផ្តល់យោបល់ឲ្យបានទូលំទូលាយស៊ីជម្រៅនោះគឺ៖ ទី១-ការបន្តពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យ ការវិនិយោគបន្ថែមលើមន្ទីរពិសោធន៍គុណភាពសម្រាប់ការនាំចេញ ព្រមទាំងជំរុញការផលិត និងប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក។ ទី២-បន្តជំរុញការរៀបចំ និងអនុវត្ត «ច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ» និង «ច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា»។ ទី៣-លើកកម្ពស់ឧស្សាហកម្មកែចៃ្ន តាមរយៈការជំរុញការវិនិយោគលើកសិផលដែលមានសក្តានុពលដូចជាស្រូវ ដំទ្បូងមី ម្រេច ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ តាមរយៈការរៀបចំយុទ្ធសាស្រ្តតាមមុខដំណាំនីមួយៗ។ ទី៤- បន្តជំរុញការដាំបន្លែគ្រប់ប្រភេទជំនួសឱ្យការនាំចូល និងសម្របសម្រួលការរៀបចំបង្កើតទីផ្សារបោះដុំ និងចែកចាយបន្លែ ដែលមានស្តង់ដារ និងអនាម័យខ្ពស់។ ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្រ្តីជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្មដែលមាន ថវិកាសរុបប្រមាណជាង ២៣ លានដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា