ប្រជុំសម្របសម្រួលបញ្ហាក្នុងសហគមន៍កសិកម្មសំឡូតរតនផល

28-Dec-2017

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០១៧ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញចូលរួមប្រជុំដោះស្រាយបញ្ហារបស់សហគមន៍កសិកម្មសំឡូតរតនផល ស្ថិតនៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត។

បញ្ហាដែលបានកើតមាន៖ សមាជិកក្នុងភូមិចម្ការចេក ប្រហែល ១០០នាក់បានសុំធ្វើការដកប្រាក់ភាគហ៊ុនចេញពីសហគមន៍កសិកម្មសំឡូតរតនផល

មូលហេតុ៖ ដោយសារតែខកខាតមិនបានបែងចែកផលលាភ ព្រោះប្រធានក្រុមប្រឹក្សាភិបាលបានយកប្រាក់ទៅទិញដីសម្រាប់សាងសងទីស្នាក់ការ តែក្រោយមកបានយកដីលក់យកប្រាក់ទុកធ្វើឥណទានវិញ ។

លោកប្រធានការិយាល័យ បានសូមឲ្យសមាជិកទាំងអស់រួមគ្នាជាថ្មី និងរៀបចំធ្វើមហាសន្និបាតប្រចាំឆ្នាំដើម្បីរាយការណ៍ពីលទ្ធផលការងារ និងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលនិងគណៈកម្មាធិការត្រួតពិនិត្យថ្មីសម្រាប់ដឹកនាំសហគមន៍កសិកម្មបន្ត ។

សមាជិកក្នុងភូមិចម្ការចេកមិនបានទទួលយកសំណើឡើយ ដោយទទូចចង់ធ្វើការដកប្រាក់ភាគហ៊ុនរបស់ខ្លួនវិញ និងមានសមាជិកខ្លះចង់យកប្រាក់ភាគហ៊ុននោះបញ្ជូលទៅដាក់ក្នុងសហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូតជំនួសសហគមន៍កសិកម្មសំឡូតរតនផល ក្រោយហេតុផលថាសហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូតនៅជិតជាង និងមានការរីកចម្រើនជាងសហគមន៍កសិកម្មសំឡូតរតនផល ។

អ្នកស្រីហែម រ៉ាត់ ប្រធានក្រុមប្រឹក្សាភិបាលក៏បានយល់ព្រមចំពោះការដកប្រាក់ភាគហ៊ុនរបស់សមាជិកក្នុងភូមិចំការចេក ហើយក៏បានឯកភាពក្នុងការធ្វើមហាសន្និបាតសហគមន៍កសិកម្មប្រចាំឆ្នាំ២០១៧ នៅខែមករា ឆ្នាំ២០១៨ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំសហគមន៍កសិកម្មសម្រាប់អណត្តិបន្ត ព្រមទាំងសង្ឃឹមថាក្រោយពីសមាជិកភូមិចម្ការចេកដកខ្លួនចេញ តែនៅតែមានសមាជិកជាច្រើននៅក្នុងភូមិស៊ុងចូលរួមក្នុងសហគមន៍កសិកម្មបន្ត។